កាន់តែសាហាវហើយ ក្រុមឧក្រិដ្ឋកម្មព្រៃឈើចង់សម្លាប់អ្នកសារព័ត៌មាន បំបិទមាត់ព្រោះជាឆ្អឹងទទឹងករបស់ពួកគេក្នុងការរកស៊ីបទល្មើស

ខេត្តកំពង់ស្ពឺ÷ អ្នកសារព័ត៌មានចំនួន២រូប ត្រូវបានក្រុមឧក្រិដ្ឋកម្មព្រៃឈើ លួចតាមប៉ុនប៉ងសម្លាប់ដល់ក្នុងផ្ទះប្រជាពលរដ្ឋ ដើម្បីចង់ បំបិទមាត់ ព្រោះភ័យខ្លាច បែកធ្លាយរឿងខ្លួនរកស៊ីបទល្មើសព្រៃឈើខុសច្បាប់ ដែលកំពុងចរាចរណ៍ចេញពីតំបន់ ខ្នងភ្នំឳរ៉ាល់ តាមច្រកស្រែកិន មកចំម្ការអំពៅស្ទើរ ជារៀងរាល់យប់ ហើយត្រូវបានខាងអ្នកសារព័ត៌មានផ្តិតយករូបភាព ផ្សព្វផ្សាយ ដើម្បីអោយខាងមន្ត្រីជំនាញធ្វើការ ទប់ស្កាត់ និងបង្ក្រាប ទើបឈានដល់ការចង់សម្លាប់បំបិទមាត់អ្នកសារព័ត៌មាន។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១១និង៣០នាទី ក្នុងផ្ទះដីឡូត៍ប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅចំណុចភូមិ ស្រែកិន ឃុំត្រពាំងជោ ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ ។

បើយោងតាមការលើកឡើងរបស់លោក សេង សុខខេង ចាងហ្វាងគេហទំព័រ សុី អិន ធី ហតញូយ៍ ដែលជាជនរងគ្រោះក្នុងហេតុការណ៍ខាងលើ បានលើឡើងថា÷ ករណីនេះជារឿងគំនុំសុទ្ធសាធ រវាងអ្នករកសុីបទល្មើសព្រៃឈើ មកលើក្រុមអ្នកសារព័ត៌មាន ដែលចូលទៅ ផ្តិតយករូបភាពដើម្បីចុះផ្សាយពីរឿងអាស្រូវរបស់ពួកគេ នៅចំណុចភូមិសាស្ត្រ ភូមិស្រែកិន ដែលជាទីតាំងស្តុកឈើគ្រប់ប្រភេទរបស់ពួកឈ្មួញ ទើបកើតមមានការក្តៅក្រហាយមកលើអ្នកសារព័ត៌មានបែបនេះ។

លោក សេង សុខខេង បានបញ្ជាក់ទៀតថា÷ជនល្មើសបានវាយបំបែក កញ្ចក់រថយន្តរបស់លោក នឹងពូថៅ បណ្តាលឲ្យរងការខូចខាតផ្នែកកញ្ចក់ខាងក្រោមទាំងស្រុង ហើយជនល្មើសទាំងនោះក៏បាននាំគ្នារត់គេចខ្លួនបាត់ស្រមោលតែម្តង ដោយបន្សល់ទុកនៅ ពូថៅចំនួន១ ជារបស់ ក្រុមជនល្មើស ដែលកាន់មកបំរុងកាប់ទៅលើអ្នកសារព័ត៌មានយើងតែម្តង។

ចំពោះករណីខាងលើនេះ ជាលើទី២មកហើយ ដែលបានកើតឡើងមកលើក្រុមអ្នកសារព័ត៌មាន ដែលចុះទៅយករូបភាព បទល្មើសព្រៃឈើ ហើយត្រូវបានក្រុមឈ្មួញលួច ប៉ុនប៉ងសម្លាប់ បើទោះបី អ្នកសារព័ត៌មាន គ្រាន់តែធ្វើតំណើរឆ្លងកាត់តំបន់ខាងលើក៏ដោយ ក៏ជនល្មើសទាំងនេះ ធ្វើការវាយប្រហារមកលើអ្នកសារព័ត៌មានថែមទៀតផង។

ករណីប៉ុនប៉ងសម្លាប់អ្នកសារព័ត៌មានខាងលើត្រូវបានគេសង្ស័យថា÷ប្រហែលជាមានជាប់ការពាក់ព័ន្ធ នឹងមន្ត្រីជំនាញមួយចំនួនក្នុងតំបន់ខាងលើ ដែមានការឃុបឃិតគ្នាជាប្រព័ន្ធ ទទួលយកសំណូកសូកប៉ាន់លុយ កខ្វក់ ពីក្រុមឈ្មួញ ទើបមានការលួចកាប់សម្លាប់មកលើក្រុមអ្នកសារព័ត៌មានបែបនេះ។

នេះជាការគំរាមកំហែងដល់វិស័យព័ត៌មាន យ៉ាងខ្លាំងបើទោះបី ក្រុមអ្នកសារព័ត៌មានទាំងនោះគោរពក្រម សីលធម៌ វិជ្ជាជីវៈរបស់ខ្លួនយ៉ាងណា តែងតែទទួលរងនូវការគំរាមកំហែងពីសំណាក់ ជនឧក្រិដ្ឋកម្មព្រៃឈើខុសច្បាប់មួយចំនួន ដែលចង់លួចសម្លាប់អ្នកសារព័ត៌មានបំបិទមាត់ចោល ព្រោះតែប៉ះពាល់ដល់មុខជំនួញឈើខុសច្បាប់របស់ខ្លួន។

ជាការសំណូមពរ ស្នើសុំ ការជួយអន្តរាគមន៍ពីស្ថាប័នថ្នាក់ជាតិ នឹងខាងអាជ្ញាធរមានសមត្ថកិច្ច ស្រុកឱរ៉ាល់ មេត្តាស៊ើបអង្កេត ស្រាវជ្រាវ វែកមុខជនដៃដល់ ដើម្បីមកធ្វើការផ្តន្ទាទោសតាមច្បាប់ ជាធរមាន៕