កន្លែងលក់អាហារតាមសួនច្បារមាត់ទន្លេក្រុងតាខ្មៅនិងតាមដងស្ទឹងព្រែកត្នោតត្រូវបាន​អាជ្ញាធរ​ប្រកាស​បិទ​បណ្តោះអាសន្ន ​ខណៈ​មានអ្នកស្រុកតាខ្មៅ​២​នាក់​ ផ្ទុកកូវីដ-១៩

ក្រុងតាខ្មៅ៖ បន្ទាប់ពី​ក្រសួងសុខាភិបាល បាន​ប្រកាស​មាន​ពលរដ្ឋ​នៅ​ខេត្តកណ្តាល ​ជាពិសេស​មាន​ពលរដ្ឋ​នៅក្នុង​សង្កាត់​តាខ្មៅ ​និង​សង្កាត់​ព្រែក​ឬ​ស្សី ២​នាក់​ នៅក្នុង​ក្រុង​តាខ្មៅ ​មាន​ផ្ទុក​COVID-19 នៅ​ល្ងាច​ថ្ងៃទី​៩ ខែធ្នូ​នេះ គេ​សង្អេតឃើញថា​ ទីតាំង​លក់​ម្ហូបអាហារ​ពេល​ល្ងាច ​ដែលមាន​ការ​ប្រមូលផ្តុំ​មនុស្ស​ច្រើន ​នៅតាម​ចិញ្ចើមផ្លូវ តាម​សួនច្បារ មាត់ទន្លេបាសាក់ និងតាមដងស្ទឹងព្រែកត្នោត ​គឺ​ចាប់ផ្តើម​បិទ​ជា​បណ្តើរៗ​ហើយ ​ខណៈ​មានការ​ប្រកាស​អោយ​ផ្អាក​បណ្តោះ​អាសន្ន​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​។

ពាក់ព័ន្ធ​នឹង​បង្ការ ទប់ស្កាត់​ការរាតត្បាត​កូ​វីដ​១៩ ​នៅក្នុង​សហគមន៍ ​លោក ជៀម ខូ​យ ចៅសង្កាត់​តាខ្មៅបានឲ្យដឹងថា ៖មកដល់ពេលនេះ បណ្តា​មូលដ្ឋាន​អាជីវកម្ម ហាង​លក់​ចំណីអាហារ​នានា​ដែល​មាន​ការប្រមូលផ្តុំ​គ្នាច្រើន ​ជាពិសេស​ហាង ​និង​តូប​លក់​ចំណីអាហារ​ដែល​រៀបចំ​លក់​នៅ​សួនច្បារ តាម​ចិញ្ចឹម​ផ្លូវ ​និង​តាម​មាត់ទន្លេ និងដងស្ទឹងព្រែកត្នោត ត្រូវ​បាន​ប្រកាស​អោយ​ផ្អាក​
ជា​បណ្តោះអាសន្ន ។

ព្រម​ជា​មួយគ្នានេះ ​សម្រាប់​ពលរដ្ឋ​ដែល​ហាត់ប្រាណ អាជ្ញាធរ​ក៏បាន​រៀបចំ​កម្លាំង​ប្រចាំ​ឈរ​ឃ្លាំមើល ​នឹង​ចាក់​មេក្រូ​ អំពាវនាវ​អោយ​អ្នក​ហាត់ប្រាណ និ​ង​អ្នកដើរ​លំហែ​មាត់ទន្លេ​ ត្រូវ​ពាក់​ម៉ាស់​អោយ​គ្រប់គ្នា និង​ឧស្សាហ៍​លាងដៃ​អាកុល​ជែ​ល​ អោយ​បាន​ញឹកញាប់​ ជាពិសេស​ត្រូវ​រក្សា​គន្លាត​ក្នុងការ​ហាត់ប្រាណ​ជាដើម​៕