ម្ចាស់រថយន្តស្រវឹង ទុកឲ្យបងស្រីបើករថយន្ត Prius ជំនួស ខ្វះការប្រុងប្រយត្ន័ គេចម៉ូតូទៅបុកទ្រូងផ្លូវ នៅមុខផ្ទះសំណាក់ចាក់អង្រែ!
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាម្ចាស់រថយន្ដស្រវឹងស្រា បានអោយស្ត្រីម្នាក់ដែលជាបងស្រី ជាអ្នកបើករថយន្ដ Prius ជំនួស តែខ្វះការប្រុងប្រយ័ត្ន បានគេចម៉ូតូក្មេងស្ទាវ ក៏ជ្រុលទៅបុករបាំងថ្មក្បាលនាគពុះចែកទ្រូងផ្លូវ នៅមុខផ្ទះសំណាក់ចាក់អង្រែ បណ្ដាលឲ្យរបាំងថ្មខ្ទាតចេញពីទ្រុងទ្រាយដើមបន្តិចប៉ុណ្ណោះ ចំណែកឯរថយន្តរងការខូចខាតខ្ទេចផ្នែកខាងឆ្វេងខាងមុខ និងផ្ទុះកង់ផងដែរ។ និងមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រហែល៥០ម៉ែត្រទៀតទើបបើកទៅមុខលែងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចមុខផ្ទះសំណាក់ ស្ថិតលើកំណាត់ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សាក្សីដែលឃើញហេតុការណ៍ផ្ទាលរៀបរាប់ថា នៅមុនពេលកើតហេតុ គេឃើញរថយន្ដបង្ក ម៉ាក TOYOTA PRIUS ពណ៍ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2AT-5227 បើកបរដោយស្ត្រីជាបងស្រីម្ចាស់រថយន្ត បានធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនលឿនគួរសម លុះមកដល់ចំណុចកើតហេតុ រថយន្តបានគេចម៉ូតូមួយគ្រឿងទៀត របស់ក្រុមក្មេងស្ទាវ (មិនចាំម៉ាក) ក៏ជ្រុលបុកទ្រូងផ្លូវ ធ្វើអោយរបាំងថ្មពុះចែកទ្រូងផ្លូវខ្ទាតចេញពីទ្រុងទ្រាយដើមអស់មួយកង់ ហើយរថយន្តមិនទាន់អស់ល្បឿន ក៏បន្តដំណើរទៅមុខទៀត បានប្រហែល៥០ម៉ែត្រ ទើបបើកទៅមុខលែងរួច និងបណ្ដាលឲ្យរងការខូចខាតខ្ទេចផ្នែកខាងឆ្វេង និងផ្ទុះកង់ឆ្វេងខាងមុខផងដែរ។
ក្រោយពេលកើតហេតុកម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានចុះមកកន្លែងកើតហេតុ រួចរាយការណ៍ប្រាប់ទៅកាន់សមត្ថកិច្ចផ្នែកចរាចរណ៍ខណ្ឌមានជ័យ ចុះមកពិនិត្យមើលជាក់ស្ដែង ហើយបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញ ដើម្បីចុះមកធ្វើការវាស់វែង រួចយករថយន្ដបង្កហេតុ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយចំពោះការខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋទៅតាមផ្លូវច្បាប់៕