កូនផ្សោតមួយក្បាលងាប់នៅទន្លេមេគង្គ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ខណៈសល់ប្រហែលជា៩០ក្បាលប៉ុណ្ណោះ

ត្បូងឃ្មុំ៖កូនសត្វផ្សោតឈ្មោលមួយក្បាល ត្រូវបានប្រជាពលរដ្ឋប្រទះឃើញងាប់ នៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានចម្ងាយជាង៥០គីឡូម៉ែត្រពីតំបន់ ដែលពួកវារស់នៅក្នុងខេត្តក្រចេះ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរស្រុកក្រូចឆ្មារ និងអង្គការ WWF នាថ្ងៃ១៥ ខែវិច្ឆិកានេះ។

កូនផ្សោតដែលបានងាប់នេះ មានអាយុប្រមាណ៧ថ្ងៃ ទម្ងន់១២គីឡូក្រាម និងមានប្រវែង ១០៣ សង់ទីម៉ែត្រ។ គេបានប្រទះឃើញសាកសព របស់វានៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមអាជ្ញាធរស្រុកក្រូចឆ្មារបានឱ្យដឹងថា មកដល់ពេលនេះ គេនៅមិនទាន់ដឹងមូលហេតុថា កូនសត្វផ្សោតខាងលើងាប់ដោយសារអ្វីនៅឡើយទេ។ ថ្វីដ្បិតមូលហេតុនៃការស្លាប់របស់កូនផ្សោតនេះ ហាក់មានភាពស្រពិចស្រពិល ប៉ុន្តែអ្នកជំនាញនៃអង្គការ WWF បានដាក់ការសង្ស័យទៅលើការប្រើឧបករណ៍នេសាទខុសច្បាប់ ដែលនាំឱ្យមានការគំរាមកំហែង ដល់ការរស់រានរបស់ពួកវា។

យោងតាមលទ្ធផលជំរឿនចុងក្រោយរបស់អង្គការ WWF បានបញ្ជាក់ថា បច្ចុប្បន្ននៅសល់សត្វផ្សោតតែ ៨៩ ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងទន្លេមេគង្គនៃប្រទេសកម្ពជា។

អ្នកជំនាញបានលើកឡើងនូវបញ្ហាមួយចំនួនដែលគំរាមកំហែងដល់ការរស់រានរបស់សត្វផ្សោតនៅប្រទេសកម្ពុជា ក្នុងនោះរួមមាន៖
-ការដាក់មងខុសច្បាប់
-ការប្រើប្រាស់ឧបករណ៍ឆក់
-ការបំពុល
-ការនេសាទហួសកម្រិត
-ការប្រែប្រួលលំហូរទឹក
-ការសាងសង់ទំនប់វារីអគ្គិសនីនៅទន្លេមេ
-ការប្រែប្រួលអាកាសធាតុជាដើម។

សូមជម្រាបថា សត្វផ្សោតគឺជាប្រភេទសត្វកម្រមួយនៅលើពិភពលោក ដែលមានអង្គការជាច្រើនបាននិងកំពុងចូលរួមអភិរក្ស ក្នុងនោះអង្គការ WWF បានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងជិតស្និទ្ធក្នុងការចូលរួមអភិរក្សសត្វផ្សោតនេះ ប៉ុន្តែដោយសារកត្តាមួយចំនួនបានប៉ះពាល់ដល់ការរស់នៅរបស់វា និងចេះតែធ្វើឱ្យពួកវាងាប់ជាបន្តបន្ទាប់៕