ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុនឯកឧត្តម ងួន រតន: អភិបាលនៃគណអភិបាលខេត្ត និងសហការី បានអញ្ជើញមកជួបសំណេះ សំណាល និងនាំយកពូជស្រូវចំនួន ២៩តោន និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតមកចែកជូនប្រជាកសិករដែលរងគ្រោះដោយសារទឹកជំនន់
បាត់ដំបង៖ ឈានចូលដល់ថ្ងៃទី៣ សម្រាប់ខេត្តបាត់ដំបង នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុនឯកឧត្តម ងួន រតន: អភិបាលនៃគណអភិបាលខេត្ត និងសហការី បានអញ្ជើញមកជួបសំណេះ សំណាល និងនាំយកពូជស្រូវចំនួន ២៩តោន និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតមកចែកជូនប្រជាកសិករដែលរងគ្រោះដោយសារទឹកជំនន់ ដែលពិធីនេះបានរៀបចំនៅភូមិសំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ។
ជាបឋម លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរាយការណ៍ជូនអង្គពិធីជ្រាបថាឥទ្ធិពលនៃជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មដំណាំស្រូវ ដំណាំសាកវប្បកម្ម និងដំណាំកសិ-ឧស្សាហកម្ម ក្នុងស្រុកចំនួន ១០ និងឃុំចំនួន ៩៦។ គិតមកដល់ថ្ងៃទី២៨ ដំណាំស្រូវរងនូវផលប៉ះពាល់សរុបមានចំនួន ១២៧ ១៨៩ហ.ត មានស្រូវស្រាល ស្រូវដើមរដូវ ស្រូវកណ្តាល ស្រូវឡើងទឹក និងស្រូវធ្ងន់ ខ្លះកំពុងឱនដាក់គ្រាប់ មូលដើមធ្វើខ្លួន និងខ្លះទៀតអាចប្រមូលផលបាន ហើយក្នុងនោះផ្ទៃដីដំណាំស្រូវខូចខាតសរុបមានចំនួន ៤២ ៥១៧ហ.ត។ ចំពោះដំណាំសាកវប្បកម្ម (ពោតស ម្នាស់ និងបន្លែ) មានផ្ទៃដីប៉ះពាល់សរុបចំនួន ១ ៤៦៥ហ.ត ក្នុងនោះផ្ទៃដីខូចខាតមានចំនួន ៧៤៣ហ.ត។ ដោយឡែកដំណាំកសិ-ឧស្សាហកម្ម (ដំឡូងមី ពោតក្រហម សណ្តែកបាយ សណ្តែកសៀង និងល្ង) មានផ្ទៃដីប៉ះពាល់សរុបមានចំនួន ៥៦ ៧១៩ហ.ត ក្នុងនោះផ្ទៃដីខូចខាតសរុបមានចំនួន ៣៦ ៤៤១ហ.ត។ លោកប្រធានមន្ទីរបានបញ្ជាក់ថានៅទូទាំង ១០ស្រុក ផ្ទៃដីដំណាំស្រូវដែលអាចស្តារឡើងវិញបានមានចំនួន ៧ ១៧៤ ហ.ត ដែលត្រូវការពូជស្រូវចំនួន ៧១៧ តោន (គិតជាមធ្យម ១០០គ.ក្រ/ហ.ត)។
មានចំណាប់អារម្មណ៍នាឱកាសនេះ ឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត បានសម្តែងការ ចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់ ខូចខាតផលដំណាំ ផ្លូវជាតិ ផ្លូវលំជនបទ សាលារៀន ផ្ទះសំបែង និងសំណង់ធារាសាស្រ្ត។ល។ ជាមួយបងប្អូនប្រជាកសិករដែលទទួលរងគ្រោះនៅទូទាំងខេត្ត និងជាពិសេសបងប្អូនក្នុងស្រុកសង្កែ។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តមថានឹងរួមសហការឲ្យបានពេញលេញជាមួយក្រសួងទាំង៤ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្តារផលិតកម្មស្បៀង ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗជូនបងប្អូនប្រជាពលរដ្ឋឡើងវិញក្រោយពេលទឹកស្រកចុះ។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមក្នុងនាមឲ្យអាជ្ញាធរមូលដ្ឋានបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចក្រឡាហោម កាកបាតក្រហមកម្ពុជា គណកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សប្បុរសជន និងឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ដែលពេលនេះឯកឧត្តមបាននាំយកពូជស្រូវ និងគ្រឿងឧបភោគ បរិភោគមកចែកជូនបងប្អូនប្រជាពលរដ្ឋផ្ទាល់តែម្តង។ កាយវិការនេះ បានបង្ហាញឲ្យឃើញនូវការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមស្តារផលិតកម្មស្បៀងឡើង វិញបន្ទាប់ពីទឹកស្រកចុះ ជាពិសេសអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជារបស់សម្តេចតេជោ។
មានមតិសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រីក្នុងនាមដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវអារម្មណ៍សោកស្តាយ និងចូលរួមចែករំលែកទុក្ខជាមួយបងប្អូនជនរងគ្រោះដោយសារគ្រោះធម្មជាតិនៅទូទាំងប្រទេស និងជាពិសេសបងប្អូននៅទូទាំងខេត្តបាត់ដំបង ហើយសម្តេចតេជោក៏បានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារឲ្យឆ្លងផុតពីគ្រោះមហន្តរាយនេះ និងបានលើកទឹកចិត្ត ជំរុញឲ្យកសិករយើងត្រូវជំនះគ្រប់ឧបសគ្គ តស៊ូ ព្យាយាមដើម្បីស្តារផលិតកម្មដំណាំស្រូវ និងដំណាំរួមផ្សំឡើងវិញបន្ទាប់ពីទឹកស្រកចុះ។ ទទួលបានបទបញ្ជារបស់សម្តេចតេជោ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត ព្រឹកនេះលោកបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោជាពូជស្រូវ និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតមកចែកជូនបងប្អូនប្រជាកសិករ ដើម្បីជួយសម្រាលនូវបញ្ហាជីវភាព និងស្តារផលិតកម្មស្បៀងឡើង វិញ។ ដំណោះស្រាយចំពោះមុខ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមថ្នាក់ដឹកនាំក្រសួងបានលើកទឹកចិត្ត គាំទ្រ និងជំរុញឲ្យប្រជាពលរដ្ឋចាប់ផ្តើមស្តារផលដំណាំឡើងវិញតាមគ្រប់រូបភាព ជាពិសេសដំណាំស្រូវទៅតាមលទ្ធភាព ហើយក្រសួងនឹងរង់ចាំផ្តល់អន្តរាគមន៍គ្រប់ពេលវេលា។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជាអនេកចំពោះសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា (ក្រុមហ៊ុន អេ អេន ធី ហ្វីតក្រុមហ៊ុនស៊ីភីកម្ពុជា ក្រុមហ៊ុន គ្រីនហ្វីត ក្រុមហ៊ុន ហុក ហៀង កសិដ្ឋានស៊ីខេ កសិដ្ឋាន ចន ហេង និងកសិដ្ឋាន និងសមាជិកជាច្រើនទៀត) ដែលបានជួយ ឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ គិតជាទឹកប្រាក់ចំនួន ២២ ៦២០ដុល្លារ។ កាយវិការមនុស្សធម៌ និងសន្តានចិត្តជួយចែករំលែកសុខទុក្ខនេះ បានបង្ហាញនូវសាមគ្គីភាពដ៏ប្រពៃ និងសហការជួយ ឧបត្ថម្ភគាំទ្រគ្នាគ្រប់កាល:ទេស: ក្នុងគ្រាលំបាក ដូចពាក្យថា “យើងជួយគ្នាក្នុងគ្រាក្រ មិត្តល្អរកឃើញក្នុងគ្រាលំបាក” និងអភិក្រម “រដ្ឋ-វិស័យឯកជន-ដៃគូអភិវឌ្ឍ-សហគមន៍”។ ក្នុងពេលជា មួយនេះ ឯកឧត្តមរដ្ឋមន្ត្រីបាននាំក្រុមអន្តរាគមន៍ភ្ជួរ និងព្រោះស្រូវមកជួយប្រជាពលរដ្ឋផងដែរ។
សូមជម្រាបជូនថាអំណោយគ្រឿងឧបភោគ បរិភោគទាំងអស់នេះមានអង្ករ ១៤,៥តោន សាច់ ក្រក ៥៨០គ.ក្រ មី ៥៨០កេះ ទឹកស៊ីអីវ ៥៨០យួរ ទឹកត្រី ៥៨០យួរ ដោយក្នុងមួយគ្រួសារទទួលបានពូជស្រូវ ១០០គ.ក្រ អង្គរ ២៥គ.ក្រ សាច់ក្រក ១គ.ក្រ មី ១កេះ ទឹកស៊ីអីវ ១យួរ និងទឹកត្រី ១យួរ។