ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ៧៣ គ្រួសារ ទទួលអំណោយមនុស្សធម៌ ពី គណៈមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ នៅវេលាម៉ោង ១៤ និង០០ នាទីរសៀល ថ្ងៃពុធ ៥កើត ខែកក្តឹក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ប្រតិភូ គណៈមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្ដម គី តិច ប្រធានណៈមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនបងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ៧៣ គ្រួសារ រស់នៅភូមិព្រែកតាគង់់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ដែលមានការអញ្ជើញពីសំណាក់
-លោកជំទាវ ម៉ក់ វណ្ណស៊ីថាតំណាងរាស្ត្រមណ្ឌលភ្នំពេញ និង ជាប្រធានក្រុមការងារចុះជួយសង្កាត់ចាក់អង្រែលើ
-ឯកឧត្ដម យី កុយ អនុប្រធានក្រុមការងារ ថ្នាក់ចុះជួយខណ្ឌមានជ័យ
-លោក អែម សុខលាង ប្រធានក្រុមប្រឹក្សា ខណ្ឌមានជ័យ
-លោក ពេជ្រ កែវមុនី អភិបាល ខណ្ឌមានជ័យ
-លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ
-លោក ឡុង ង៉ែត អភិបាលរង ខណ្ឌមានជ័យ
-លោក ម៉េង វិមានតារ៉ា អធិការនគរបាល ខណ្ឌមានជ័យ
-លោក លោកស្រី នាយក នាយករងរដ្ឋបាល ខណ្ឌមានជ័យ
-លោក លោស្រី ប្រធាន អនុប្រធាន ការិយាល័យ ចំណុះទាំង១១
-លោក លោកស្រី ចៅសង្កាត់ទាំង៧
នាឱកាសនោះដែរ ឯកឧត្តម គី តិច បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋយេីងទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។
ទន្ទឹមនឹងការពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយការព្រួយបារម្ភពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ ឯកឧត្តម គី តិច ប្រធានគណៈមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលេីកឡេីងបន្តថា ទោះគ្រប់កាលៈទេសៈណាក៏ដោយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនបោះបង់ចោលបងប្អូនប្រជាពលរដ្ឋជាដាច់ខាត ដោយសម្តេចទាំងទ្វេបានចាត់ទុករាល់ទុក្ខលំបាករបស់បងប្អូនទាំងអស់ជាទុក្ខលំបាករបស់សម្តេចផ្ទាល់ ។
បន្ទាប់មក ឯកឧត្តម គី តិច សូមឲ្យបងប្អូនទាំងអស់យកចិត្តទុកដាក់ពីសុខភាពត្រូវមានអនាម័យ ត្រូវបរិភោគអាហារឲ្យបានឆ្អិនល្អ ពិសារទឹកដាំពុះ ដើម្បីជៀសវាងកុំអោយឆ្លងជម្ងឺ អាសន្នរោគផ្សេងៗ និងសូមប្រុងប្រយត័្នចំពោះក្មេងតូចៗកុំឲ្យលេងទឹក ក្នុងជំនន់ទឹកភ្លៀងនេះអោយសោះ វាអាចគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ ។ ម្យ៉ាងវិញទៀត ឯកឧត្ដម គី តិច សូមអោយបងប្អូនប្រជាពលរដ្ឋទាំង ៧៣គ្រួសារ កុំអោយមានការភ័យព្រួយបារម្មណ៍ ពីព្រោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅចាំជួយបងប្អូនប្រជាពលរដ្ឋគ្រប់ដង្ហើមចេញចូល និង គ្រប់ពេលវេលា មិនអោយបងប្អូនប្រជាពលរដ្ឋណាម្នាក់ដាច់អាហារ ឬក៏គ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។
អំណោយមនុស្សធម៌ដែលទទួលបានក្នុងមួយគ្រួសារ មាន ៖
– អង្ករ ២០គីឡូក្រាម , ទឹកសុទ្ធ ១កេស , មី ១កេស , ត្រីខ ១យួរ , រួមទាំងថវិកា ៣០,០០០ រៀល ៕