បុរសបរទេស២នាក់ បើករថយន្តទំនើបAudi TFS គេចម៉ូតូជ្រុលទៅបុកបង្គោលភ្លើង មុខសកលវិទ្យាល័យជាតិគ្រប់គង!
រាជធានីភ្នំពេញ ៖ ជនបរទេស២នាក់ បើករថយន្តស៊េរីទំនើបAudi TFS មួយគ្រឿង ក្នុងល្បឿនលឿន បានគេចពីម៉ូតូក៏ជ្រុលទៅបុកបង្គោលភ្លើង ពេញទំហឹង បង្កការខូតខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងនៅវេលាម៉ោង០១:១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចផ្លូវព្រះមុនីវង្សកែង និងផ្លូវមុខនិងវិទ្យាស្ថានជាតិគ្រប់គ្រង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តសេរីទំនើបមួយគ្រឿង ម៉ាក Audi TFS ពណ៍កណ្ដុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ 2AB-3011 បើកបរដោយបុរសបរទេស២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើក៏បានបត់ឆ្វេងទៅផ្លូវលេខ៩៦ ដោយខ្វះការប្រុងប្រយ័ត្ន ខណ:ពេលនោះក៏ស្រាប់តែមានម៉ូតូមិនចាំម៉ាកមួយគ្រឿងទៀត បានបើកបញ្រ្ចាសទិសដៅចរាចរណ៍ បង្កឲ្យរថយន្តខាងលើអកហ្សើនិងម៉ូតូនោះ។ ហើយរថយន្តក៏បានកាច់ចង្កូតគេចពីម៉ូតូទៅខាងស្តាំក៏ជ្រុលទៅបុកនិងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមដែលនៅតាមចិញ្ចើមផ្លូវបណ្តាលឲ្យវៀចទ្រេត។ ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខចំហៀងខាងស្តាំយ៉ាងដំណំទៅមុខលែងរួច។ ហើយចំពោះហេតុការណ៍ខាងលើគឺមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។
ភ្លាមនោះជនបរទេសទាំង២នាក់នោះបានទាក់ទងហៅអ្នកបកប្រែអោយចុះកន្លែងកើតហេតុ ដើម្បីជួយដោះស្រាយ រួចជនបរទេសនោះក៏ឡើងរថយន្តមួយគ្រឿងទៀត បើកចេញពីកន្លែងកើតហេតុបាត់ទៅ ។
បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទាក់ទងទៅកាន់សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ចុះមកកន្លែងកើតហេតុ រួចធ្វើការវាស់វែង និងស្ទូចរថយន្តបង្ក យករក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយលើការខូចខាតទ្រព្យសម្បត្តិរដ្ឋពេលក្រោយទៀត៕