សម្ដេចតេជោ ហ៊ុនសែន ថ្លែងអំណរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគថវិកា ជូនប្រជាពលរដ្ឋ គ្រោះទឹកជំនន់
ភ្នំពេញ៖ តាមរយៈបណ្តាញសង្គមហ្វេសបុក នៅល្ងាចថ្ងៃទី ១៣ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេស។
សម្តេចតេជោ បានបញ្ជាក់ថា៖ «គិតត្រឹមម៉ោង ៦ល្ងាចថ្ងៃ ១៣តុលា ២០២០នេះ ថវិកាទទួលបាន ១លានដុល្លារ»។ ជាមួយគ្នាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញឈ្មោះសប្បុរសជន ដែលបានបរិច្ចាគថវិកាចូលរួមជួយពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងនោះរួមមាន៖
១. អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវម៉ៅ ចំណាន ចំនួន ២០មុឺនដុល្លារ។
២.ក្រុមហ៊ុនជីប ម៉ុង ចំនួន ៣០មុឺនដុល្លារ។
៣.លោកឧកញ៉ា ថៃ ជាហួត ក្រុមហ៊ុន ប៉េង ហួតចំនួន ២០មុឺនដុល្លារ។
៤.លោកឧកញ៉ា ដួង ឆាយ និងលោកជំទាវ ដេត ម៉ាលីណា ចំនួន ១០មុឺនដុល្លារ។
៥.លោកជំទាវឧកញ៉ា ង៉ូវ ម៉ុច និងលោកឧកញ៉ាង៉ូវ ស្រ៊ុន ចំនួន ១០ម៉ឺនដុល្លារ។
៦.លោកឧកញ៉ា ថោង សារ៉ាត និងលោកជំទាវ ធីតា ចំនួន ១០មុឺនដុល្លារ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ថវិកាដែលសប្បុរសជនចូលរួមនេះនឹងចាត់ចែងជួយសង្រ្គោះបន្ទាន់តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ក្នុងករណីយមានសប្បុរសជនចង់ចូលរួមបន្ថែមទៀតសូមទាក់ទងលោកសេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។
ទន្ទឹមនឹងការអរគុណដល់សប្បុរសជនដែលចូលរួមជួយ ប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល ក្នុងពេលដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវី១៩ និងជួបគ្រោះមហន្តរាយជំនន់ទឹកភ្លៀងនាពេលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានភ្ជាប់ជាមួយនូវពាក្យស្លោកមួយឃ្លា គឺ «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»៕