ប្រជាពលរដ្ឋហាក់មិនមានជំនឿលើការដោះស្រាយ របស់លោកអភិបាលស្រុកបាទី រឿងគម្រោងលុបស្រះបុរាណប្រវត្តិសាស្រ្តចំនួន២នៅជិតផ្សារត្រាំខ្នារ

 ខេត្តតាកែវ៖ ប្រជាពលរដ្ឋររាប់រយគ្រួសារសំដែងនូវការខកចិត្តនឹង លោក ភួន ឈីម អភិបាល នៃគណៈអភិបាល ប្រធានគណៈបញ្ជាការឯកភាពស្រុកបាទី ដែលព្រងើយកន្តើយ ក្នុងការដោះស្រាយ និងមិនបានយកចិត្តទុកដាក់ក្នុងការស្វែងរកដំណោះស្រាយ និងការតវ៉ារបស់ពួកគាត់ដើម្បីរក្សាការពារដីស្រះបុរាណទាំងពីរទុកជាសម្បត្តិជាតិដែលពួកគាត់បានផ្តិតមេដៃរាប់រយគ្រួសារតវ៉ា នឹងគម្រោងលុបដីស្រះបូរាណចាស់ដែលមានទំហំជិត៣ហិកតា ដែលស្ថិតនៅជិតផ្សារត្រាំខ្នារ ឃុំសូភី ស្រុកបាទី ខេត្ត​តាកែវ។

ញត្តិផ្ដិតមេដៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្វើឡើងក្រោយពីពួកគាត់បានទទួលដំណឹងថា មានក្រុមហ៊ុនមួយដែលកំពុងព្យាយាមក្នុងគោលបំណងយកដីស្រះទាំងពីរទៅវិនិយោគនៅពេលខាងមុខ។ប្រជាពលរដ្ឋរស់នៅឃុំសូភីបានប្រាប់សារព័ត៌មានហង្សតូចថា ប្រវត្តិស្រះទាំងពីរមានអាយុកាលជាច្រើនឆ្នាំមកហើយ ពួកគាត់យកធ្វើជាកន្លែងទីសក្ការបូជា គោរពប្រតិបត្តិ ដែលមិនអាចអនុញ្ញាតឱ្យយកទៅកាន់កាប់ជាកម្មសិទ្ធិរបស់ឯកជនបានទេ ។

ស្រះត្រពាំងត្រាំខ្នារ គឺជាត្រព្រាំងប្រវត្តិសាស្រ្ដមួយដែលមានអាយុកាលជាច្រើន​ជំនាន់ តកូនតចៅមកហើយ ខណៈពលរដ្ឋមានអបិយជំនឿថា ជាស្រះមួយដែលមានបារមីពូកែស័ក្កិសិទ្ធិ។

ចំណែកស្រះយុវជនវិញ គឺជាស្រះដែលត្រូវបានជីកនៅក្នុងសម័យខ្មែរក្រហម ដោយក្រុមអ្នកទោសជា​យុវជន ដែលមានឪពុកម្ដាយត្រូវរបបនេះយកទៅសម្លាប់ចោលនៅទីនោះ។

ប្រជាពលរដ្ឋបានធ្វើញត្តិទៅក្រសួងមហាផ្ទៃ ទៅទីស្ដីការគណៈរដ្ឋមន្រ្តី ទៅខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្រ្តី និងទៅប្រធានក្រុមប្រឹក្សាស្រុកបាទី។

ជាចុងក្រោយប្រជាពលរដ្ឋមានតែសង្ឃឹមលើសម្តេច និងសំណូមពរសូមសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍ក្នុងការរក្សាការពារនូវស្រះបុរាណនេះទុកជាសម្បត្តិបេតិកភណ្ឌជាតិ និងជាទីគោរពសក្ការបូជា និងការអាស្រ័យផលរបស់ពួកគាត់តទៅទៀតផង ពួកគាត់បារម្ភខ្លាចបាត់បង់ស្រះបុរាណមួយនេះនៅពេលអនាគតដ៏ខ្លីខាងមុខ។

អង្គភាពសារព័ត៌មាន ហង្សតូច រងចាំការបកស្រាយបំភ្លឺពីលោកអភិបាលស្រុកបាទីជុំវិញរឿងរ៉ាវដែលប្រជាពលរដ្ឋលើកឡើងខាងលើនេះរាល់ម៉ោងធ្វើការ។