រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា «#យើងរួមគ្នាកម្ចាត់អោយបានពួកទុច្ចរិតជ្រកក្រោមផ្លាកសារព័ត៌មាន»
ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា «យើងរួមគ្នាកម្ចាត់អោយបានពួកទុច្ចរិតជ្រកក្រោមផ្លាកសារព័ត៌មាន ដើម្បីសេចក្តីថ្លៃថ្នូរនៃអ្នកសារព័ត៌មានវិជ្ជាជីវៈទាំងអស់ក្នុងប្រទេសកម្ពុជាយើង» ។ នេះបើយោងតាមសំណេររបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន តាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន សរសេរថា «នៅក្នុងការប្រជុំគណៈកម្មាធិការសកម្មភាពគោលនយោបាយលើកស្ទួយសហគ្រាសធុនតូច និង មធ្យម សំណូមពរជាច្រើនរបស់ម្ចាស់សហគ្រាសធុនតូច និង មធ្យម គឺ សកម្មភាពរញ៉េរញ៉ៃរបស់អ្នកកាសែតគ្មានវិជ្ជាជីវៈ ពោលគឺអ្នកកាសែតអត់មានកាសែតចេញ អ្នកកាសែតមានតែកូនកាមេរ៉ាតូចមួយ ឬ ទូរស័ព្ទដៃមួយគ្រឿង ផ្សាយតាមហ្វេសប៊ុកដោយគ្មានរបៀបវារៈទៀងទាត់ តែទៀងទាត់ក្នុងការចុះសុំលុយ ផ្សាយអត់យល់ច្បាប់ពាណិជ្ជកម្ម និង លិខិតបទដ្ឋាន ឬ បច្ចេកទេសអីទាំងអស់ ដែលប៉ះពាល់យ៉ាងខ្លាំងដល់មុខរបររបស់សហគ្រាសធុនតូច និង មធ្យម»។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សង្កត់ធ្ងន់ថា «ខ្ញុំសង្ឃឹមថាអ្នកកាសែតទាំងអស់នឹងខិតខំចៀសវាងពីការប្រព្រឹត្តបែបខាងលើ ហើយ រួមគ្នាកម្ចាត់អោយបានពួកទុច្ចរិតជ្រកក្រោមផ្លាកសារព័ត៌មាន ដើម្បីសេចក្តីថ្លៃថ្នូរនៃអ្នកសារព័ត៌មានវិជ្ជាជីវៈទាំងអស់ក្នុងប្រទេសកម្ពុជាយើង ។ ខ្ញុំសូមរំលឹកសហសេវិកទាំងអស់ពីសម្តីដែលខ្ញុំបានស្រង់ពីរឿង Animal Farm ដែលសត្វលើកពាក្យស្លោកថា «ជើង ៤ ល្អ ជើង ២ អាក្រក់» ៕